ដំណើរកំសាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោ

ខេត្តកំពត ជាខេត្តដែលស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលជាប់នឹងឆ្នេរសមុទ្រ ដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ។ នៅក្នុងខេត្តកំពតមាន រមណីយដ្ឋានធម្មជាតិជាច្រើន ដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកជ្រោះពពកវិល ជាដើម។
ភ្នំបូកគោ ឬ ឧទ្យានជាតិព្រះមុនីវង្ស ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយ 11 គីឡូម៉ែត្រ ពី ក្រុងកំពត ទៅ ជើងភ្នំ និង ចម្ងាយ 32 គីឡូម៉ែត្រ ពីជើងភ្នំ ទៅ កំពូលភ្នំ។ ភ្នំបូកគោ មានកម្ពស់ 1075 ម៉ែត្រ ដែលនៅលើនោះមាន អាកាសធាតុត្រជាក់ រុក្ខជាតិទាំងឡាយរីកស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ផ្ទាំងថ្មធំៗ និង ដើមរុក្ខជាតិធំៗជាច្រើន ដែលផ្ដល់ម្លប់ត្រជាក់ ព្រមទាំងមាននូវ ព្រៃព្រឹក្សា និង ហ្វូង ម្រឹគីម្រឹគា បក្សាបក្សី ដែលជាទេសភាពដ៏ស្រស់ត្រកាល គួរជាទីគយគន់។

មិនតែប៉ុណ្ណោះ នៅលើភ្នំបូកគោ មាន វិហារ កាតូលិកចាស់មួយ ដែលបានបន្សល់ទុកតាំងពី សម័យអាណានិគមនិយមបារាំង រូបបដិមា លោកយាយម៉ៅដ៏ធំ វត្តសំពៅប្រាំ បឹងលើភ្នំ កាស៊ីណូ សណ្ឋារគារ ជាដើម។ នៅលើកំពូលភ្នំយើងអាចចាប់ពពក និង អាច មើលឃើញទិដ្ឋភាព មួយចំនួន នៃ ទីក្រុងកំពត កែប និង ព្រះសីហនុ ព្រមទាំងឃើញផ្ទៃសមុទ្រខៀវស្រងាត់ដ៏ធំល្វឹងល្វើយ។ នៅចម្ងាយ 7 គីឡូម៉ែត្រ ពីភ្នំបូកគោ មាន កន្លែងងូតទឹកកម្សាន្ដ អាចឲ្យអ្នកទេសចរណ៍ងូតទឹកលំហែបាន ដែលទីនោះមានឈ្មោះថា ទឹកជ្រោះពពកវិល។ អ្វីដែលទាក់ទាញនៅភ្នំបូកគោ គឺ ភ្នំបូកគោ មានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និង ដើមរុក្ខជាតិរីកស្រស់បំព្រងជានិច្ច។
រមណីយដ្ឋានភ្នំបូកគោ ជាកន្លែងកម្សាន្ដដ៏ល្អមួយ  ដែលនឹងធ្វើឲ្យអ្នកទេសចរណ៍ មានភាពសប្បាយរីករាយ និង មិនអាចបំភ្លេចបាន។