រម្មណីយដ្ឋាន ភ្នំតាម៉ៅ
ភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិត្រពាំងសាប
ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានចំងាយ ៤០គ.ម តាមផ្លូវជាតិលេខ
២ពីរាជធានីភ្នំពេញ បត់ស្តាំ ៥គ.ម តាមផ្លូវលំ ដោយប្រើរយៈពេលធ្វើដំណើរតាមរថយន្តអស់ ៤៥នាទី។
ភ្នំនេះជារម្មណីយដ្ឋានចំរុះមានប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ និងជាសួនសត្វដ៏ធំក្នុងប្រទេសកម្ពុជា។ ផ្លូវប្រមាណជា៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ២រួចបត់ស្តាំតាមផ្លូវលំចម្ងាយ៥គីឡូម៉ែត្រទៀតនោះយើងនឹងបានមកដល់ទីនេះជាក់ជាមិនខាន។ តំបន់ភ្នំតាម៉ៅគ្របដណ្តប់ដោយផ្ទៃដីប្រមាណ ២៥០០ហិកតាដែលគេឲ្យឈ្មោះថា តំបន់ផ្ទៃដីការពារព្រៃឈើ។ ក្នុងចំណោមផ្ទៃដី២៥០០ហិកតានេាះគឺមានផ្ទៃដីចំនួន១២០០ហិកតាត្រូវបាននាយកដ្ឋានរុក្ខាប្រមាញ់រៀបចំដាំដើមឈើ និងរៀបចំជាសួនសត្វដែលមានផ្ទៃដី៧០ហិកតារួមមានភ្នំចំនួន៥គឺ ភ្នំតាម៉ៅ ភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ ភ្នំបាំងហើយក្នុងចំណោមភ្នំទាំង៥ខាងលើមានភ្នំ២ដែលមានប្រាសាទបុរាណគឺភ្នំតាម៉ៅនិងភ្នំថ្មដុះ។
ក្រៅពីនេះ តំបន់សួនសត្វភ្នំតាម៉ៅមានសត្វគ្រប់ប្រភេទចំនួន៩៤ប្រភេទ ដែល២ប្រភេទត្រូវ បាននាំមកពីបរទេស ថនិកសត្វ មានសត្វស្លាប សត្វល្មូន៩៣ប្រភេទ និងខ្លាឃ្មុំមានការកើន ឡើង១២៤ក្បាលភាគច្រើនសត្វទាំងនេះត្រូវបានប្រមូលទិញដោយក្រសួងកសិកម្ម និងចាប់ បានពីជនល្មើសដែលរកស៊ីសត្វព្រៃខុសច្បាប់ទូទាំងប្រទេស។