រមណីយដ្ឋាន ភ្នំជីសូរ



ភ្នំជីសូរគឺជាភ្នំមួយ និងជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ។ ដែលមានចំងាយប្រហែល ៦២ គីឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ ឬ ២៧ គីឡូម៉ែត​ខាងជើង​ទីរួម​ខេត្ត​តាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត។ ភ្នំជីសូរ គឺមានកំពស់១៣០ម៉ែត។ ប្រាសាទភ្នំជីសូរគឺត្រូបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២(១០០២ -១០៥០)​ វាមានបណ្តោយ៦០ម៉ែត និងទទឹង៥០ម៉ែត ។ប្រាសាទ​ត្រូវបានហ៊ុម​ពទ្ធ័​ដោយ​ថែវ ២។​ថែវទី១មានប្រវែង៦០ម៉ែត​​​​ និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏សំខាន់​ ជាមួយទ្វារពីរ ​​និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។ 





វត្តភ្នំជីសូរ​ត្រូវបានកសាង​នៅឆ្នាំ​១៩១៧ ហើយ​បានបំផ្លាញដោយសង្គ្រាមទសវត្សឆ្នាំ ១៩៧០ និងកសាង​ឡើងវិញនៅឆ្នាំ១៩៧៨ ។ ពីមុនវាគឺជាទួលដែលគេហៅថាសាលាធម្មសភា​​​​ កុដិ និងជាកន្លែងសក្ការ:បូជាមួយ។ មាន​ស្រះទឹក​មួយកាល​ពី​បុរាណ​ដែល​បាន​បង្កើត​នូវភាពអរូបី។ ជាធម្មតាប្រជាជនច្រើនឡើងតាមទិសខាងលិចនៃភ្នំដែលមានកាំជណ្តើរ៣៩០កាំ និងខាងត្បូងមាន៤០៨កាំ​​​ ហើយក៏មានផ្លូវដែលអាចអោយឡាន ម៉ូតូធ្វើ​ដំណើរទៅ​ដល់​លើភ្នំផងដែរ​ ដើម្បីដឹកសម្ភារ:មូយ​​ចំនួនយកទៅលើភ្នំ។ នៅភាគខាងកើតភ្នំក៏មានជណ្ដើរមួយដែរ គឺជណ្ដើរនេះ​ធ្វើ​អំពីថ្មបាយក្រៀម​ដែលមាន​លក្ខណ:​ចាស់ណាស់ទៅហើយ និង ចោតទៀតផង។​




 បើយើង​ឡើង​​​​​ដល់​កំពូល​ភ្នំ​ យើងនឹងឃើញបឹងបួននៅជុំវិញភ្នំ។ ចំនែកឯទីធ្លាលើភ្នំវិញ​គឺមានទីធ្លាធំទូលាយ មានកន្លែងសម្រាប់សម្ដែងសិល្ប: មានប្រាសាទដ៏ស្រស់ស្អាតនៅ​​​​ប៉ែកឦសាននៃភ្នំ ឯខាង​ត្បូងវិញគឺ​មាន​ល្អាង​​មួយ​ដែល​​​គេអោយឈ្មោះថាល្អាង​​​ចន្ទ័វិមាន។ នៅពេលមានពិធីបុណ្យប្រពៃណីជាតិ ឬ​ បុណ្យផ្សេងៗតែងតែមានប្រជាជនទៅ​​លេងកម្សាន្តទីនោះយ៉ាងច្រើនកុះករ និង នៅចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យ ក៏​មាន​អ្នកទេស​​​​ចរណ៍មកពីភ្នំពេញ ឬខេត្តផ្សេងៗមកកម្សាន្តផងដែរ។ នៅតាមផ្លូវចូលនៃជើងភ្នំខាងត្បូង​​​ និង ខាងលិចមានលក់់ម្ហូបអាហារ ផ្លែឈើ នំចំណីជាច្រើនប្រភេទ។