តំបន់ទេសចរណ៏ខេត្តកំពង់ចាម



ភ្នំប្រុសភ្នំស្រីជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចាឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាមនិងចំងាយ ១១៤គ.មពីក្រុងភ្នំពេញបត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថាវត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។
រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។ ដោយកាលពីដើមឡើយនៅលើទឹកដីខ្មែរយើង គឺស្តេចស្រីជាអ្នក សោយរាជ្យ ហើយស្តេចស្រីនោះក៏បានចូលស្តីដណ្តឹងបុរសម្នាក់ ដែលមានរូបឆោមល្អ មករៀបអភិសេកជាស្វាមីដូច្នេះហើយទើបបង្កើតជាទំនៀមទំលាប់ប្រពៃណី ដោយអោយខាងនារី ជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប្រសិនបើនារីចាប់ចិត្តស្រឡាញ់បុរសម្នាក់នោះ។ បើនារីមានរូបសម្បិត្តិអាក្រក់វិញនោះគឺបុរសប្រកែកមិនព្រមយក។ ដូចច្នោះហើយ ទើបពួកស្រីៗ ប្រជុំគ្នាដើម្បីរកវិធីកែប្រែ ទំនៀមទំលាប់នោះចោល ដោយពួកគេចង់អោយខាង បុរសជាអ្នក ចូលស្តីដណ្តឹងខាងនារីវិញម្តង។ គិតដូចនេះ ហើយ ទើបពួកស្រីៗក៏ រកមធ្យោបាយទៅបបួលពួក បុរសៗ ភ្នាល់គ្នាលើកដីពូនធ្វើ ជាភ្នំ ដោយសន្យាថា បើ ខាងបុរសលើកដីធ្វើភ្នំទាបជាងនារី គឺបុរសត្រូវតែចូលស្តី ដណ្តឹងខាងនារីវិញម្តង។ ដោយសារការភ្នាល់គ្នា គឺភាគី ខាងនារីមានប្រាជ្ញា ហើយទទួលបានជ័យជំនះ ទើបខាង បុរសជាអ្នកចូលស្តីដណ្តឹងខាងនារីវិញម្តង ហើយទំនៀម ទំលាប់នេះក៏បានបន្តមកដល់ សព្វថ្ងៃនេះ។ ប៉ុន្តែ ក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពតទីតាំង ភ្នំប្រុស-ភ្នំស្រី ជាកន្លែង ឧក្រិដ្ឋកម្មសំលាប់ប្រជាជនខ្មែរ អស់រាប់ពាន់នាក់។

ភ្នំប្រុសជាភ្នំមួយដែលមានរាងទួល និងមានកំពស់៣០ម៉ែត្រ ហើយមានផ្លូវឡើងទៅដល់ទីតាំងនៃកំពូលភ្នំ។ នៅលើភ្នំនេះមានព្រះវិហារខ្ពស់មួយ ដែលមានកំពូលប្រាំ យកគំរូតាមប្រាសាទបន្ទាយស្រី។ វិហារនៅលើភ្នំប្រុសមានពីរនៅទន្ទឹមគ្នាជាមួយវិហារចាស់សង់នៅសម័យសង្គមរាស្រ្តនិយម ដែលមានកំពូលពីរ ។នៅក្រោមព្រះវិហារមានគំនរចេតិយ៍មួយដ៏ធំដែលមានកំពស់ប្រមាណ ១៥ម៉ែត្រ ដែលបានកសាងដោយព្រះគ្រូចៅអធិការទី១ ព្រះនាម កែវ សូរ។ ចំនែកនៅជើងភ្នំមានកុដិរបស់ព្រះសង្ឃ។ ក្រៅពីនេះនៅលើភ្នំប្រុស យើងអាចមើលឃើញទេសភាពដ៏ល្អនៃខេត្តកំពង់ចាម។ ភ្នំស្រីជាប្រភេទភ្នំដែលមានកំពស់ខ្ពស់ ហើយមានជណ្តើរ ៣០៨កាំ។ នៅលើកំពូលភ្នំស្រី មានទីតាំងតូចល្មម និងឃើញមានសល់ព្រះវិហារបាក់បែក ដែលពុំទាន់ជួសជុលនៅឡើយ។