រមណីយដ្ឋានតេទឹកពុះដែលមានអាងទឹកក្ដៅធម្មជាតិកម្ដៅប្រមាណ ៧០ អង្សាបញ្ចេញផ្សែងហុយៗ។
រមណីយដ្ឋានធម្មជាតិបែបកែច្នៃតេទឹកពុះស្ថិតក្នុងភូមិកោដូនតី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ ឬប្រមាណ ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ភ្ញៀវទេសចរមួយចំនួនធ្លាប់បានសម្ដែងការបារម្ភថាមិនយូរប៉ុន្មានទៀតតេទឹកពុះនេះនឹងត្រូវបានអភិវឌ្ឍហើយពួកគេលែងមានឱកាសបានចូលមើលទឹកពុះធម្មជាតិ និងបានចុះត្រាំជើងដោយសេរីមិនបាច់បង់ប្រាក់ទៀតហើយ។
សព្វថ្ងៃនេះទីកន្លែងទឹកផុសដែលពុះហុយផ្សែងជះក្លិនដូចថ្មស្អុយត្រូវបានក្រាលកម្រាលថ្មបេតុងជុំវិញដោយទុកប្រឡោះចង្អូរបង្ហូរទឹកក្ដៅឧណ្ហៗហូរចាក់តាមប្រឡាយតូចយ៉ាងមានរបៀបត្រឹមត្រូវ។
អមតាមប្រឡាយតូចនោះកៅអីវែងត្រូវបានដាក់តម្រៀបគ្នាដែលទំនងជាសម្រាប់ភ្ញៀវមកកម្សាន្ដចុះត្រាំជើងលើទឹកពុះធម្មជាតិដើម្បីបំបាត់អាការផ្ដាសាយជាដើម។
ប៉ុន្ដែ គម្រោងអភិវឌ្ឍន៍ជារមណីយដ្ឋានទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិមកកម្សាន្ដ និងបានមកងូតទឹករ៉ែធម្មជាតិស្ប៉ា ឬស្ទីមជាមួយនឹងទឹកផុសពុះពីធម្មជាតិដ៏ពេញនិយមរបស់ជនជាតិជប៉ុន កូរ៉េ និងចិនត្រូវបានរលាយខ្សុលដូចអំបិលត្រូវទឹកហើយក្ដីកង្វល់របស់ភ្ញៀវក្នុងស្រុកដែលមានជីវភាពមិនសម្បូរធូរធារក៏លែងរអានឹងរូបភាពនៃគម្រោងដ៏មហិមានោះទេហើយ។
អ្នកមកលេងកម្សាន្តនាំគ្នាត្រាំជើងក្នុងទឹកក្ដៅឧណ្ណៗធម្មជាតិ។
ផា លីណា
ហើយក៏មានក្រុមហ៊ុនចិនបានលើកប៉ាណូរូបភាពសំណង់អគារធំៗនៅក្បែរច្រកចូលរមណីយដ្ឋានតេទឹកពុះដោយមានគម្រោងអភិវឌ្ឍន៍ទៅជាទីក្រុងរណប។ វាជាសញ្ញាប្រាប់ដល់ភ្ញៀវទេសចរដែលធ្លាប់ទៅកម្សាន្ដនៅបាតុភូតទឹកពុះថាពេលវេលាកម្សាន្ដបែបសាធារណៈនៅក្នុងបរិស្ថានធម្មជាតិព័ទ្ធដោយរុក្ខជាតិតូចធំជុំវិញនេះនឹងត្រូវជំនួសមកវិញនូវសំណង់អគារទីក្រុងដ៏មហិមាវិញ។
ប៉ុន្ដែពេលវេលានៃការទន្ទឹងរង់ចាំចង់ឃើញអគារប្រណីតដុះសម្ញែញខ្លួនកណ្ដាលព្រៃព្រឹក្សាហាក់គ្រាន់តែជាសុបិនរសាត់កាត់ភ្នែកប៉ុណ្ណោះ។ ជាលទ្ធផលរយៈពេលជាច្រើនឆ្នាំមកនេះក្រុមហ៊ុនចិនដែលមិនបានធ្វើការអភិវឌ្ឍអ្វីសោះនោះត្រូវបានរាជរដ្ឋាភិបាលដកអាជ្ញាប័ណ្ណ និងប្រគល់ទៅឲ្យក្រុមហ៊ុនថ្មីមួយទៀត។រមណីយដ្ឋាននេះក៏ជារមណីបែបបុរាណវិទ្យាផងដែរ។